សង្គមស៊ីវិល ខកចិត្ត ដែល គ ជ ប នៅតែមិនអាចផ្តល់ការបោះឆ្នោត ដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) នៅតែអះអាងថា ខ្លួនមិនមានសមត្ថភាព និងមិនអាចផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ឲ្យមានសិទ្ធបោះឆ្នោតបាននោះទេ។ ចំពោះការលើកឡើងបែបនេះ សង្គមស៊ីវិល បានសម្តែងការខកចិត្ត និងស្នើដល់ គ ជ ប ជាថ្មី អោយជួយសម្រួលការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាយជាយដែន ដើម្បីបង្កើតភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋខ្មែរ។
នៅព្រឹកថ្ងៃទី៣ ខែសីហាឆ្នាំ២០១៧នេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គជប បានរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោតឆ្នាំ២០១៧ នៅសណ្ឋាគាទន្លេបានសាក២ ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងស្ថានបន័ពាក់ពន្ធ័ប្រមាណជាង១៥០នាក់។
សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៧ គជប បានបញ្ជួនទៅភាគីពាក់ពន្ធ័ចំនួន៣៦ស្ថាបន័ដូចជា នីតិប្រតិបត្តិ នីតិបញ្ញត្តិ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញការជប៉ុន សហភាពអ៊ឺរ៉ុប និងIFES ប្រចាំគជបផងដែរ។
ក្នុងឱកាសនោះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា ខ្លួនមិនអាចអោយពលរដ្ឋខ្មែរក្រៅប្រទេស បោះឆ្នោតនៅតាមប្រទេសដែលខ្លួនកំពុងរស់នីបានទេ ព្រោះគជប គ្មានសិទ្ធអំណាច ធ្វើការស្នើ ហើយក៍មិនអាចធ្វើអ្វីដែលខុសពីច្បាប់រដ្ឋធម្មនុញកម្ពុជាដែរ។ លោកបន្តថា គជប បានអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៣២ ដែលកំណត់ថា មានតែពលរដ្ឋដែលមានលំនៅដ្ឋាន ឬទីសំណាក់ ក្នុងមណ្ឌលដែលខ្លួនត្រូវទៅបោះឆ្នោត ទើបមានសិទ្ធបោះឆ្នោត។
យ៉ាងណា លោក ស៊ិក ប៊ុនហុក បានស្នើដល់ក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាកម្ម ដែលជាអង្គការមានសម្ថកិច្ចក្នុងការផ្តល់អត្តសញ្ញាបណ្ណ័សញ្ជាតិខ្មែរ ត្រូវផ្តល់ជូនអត្តសញ្ញាបណ្ណ័សញ្ជាតិដល់ប្រជាពលរដ្ឋខ្មែរអោយបានគ្រប់ៗគ្នា ព្រោះអត្តសញ្ញាណបណ្ឌ គឺជាឯកសារសំខាន់តែមួយគត់ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ដែលមិនទាន់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ត្រូវត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីទទួលបានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦។
ទាក់ទិននឹងកាមិនអាចមានលទ្ធភាពឲ្យពលរដ្ឋខ្មែរ អាចបោះឆ្នោតនៅក្រៅប្រទេសនេះ លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិចហ្វិក បានសំដែងការខកចិត្តជាខ្លាំង ចំពោះគោលបំណង់របស់សង្គមស៊ីវិលនៅកម្ពុជា ដែលទាមទារអោយមានការិយាល័យចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅក្រៅប្រទេស ដែលអាចឲ្យពួកគេ ខណៈមានប្រជាពលរដ្ឋខ្មែរ បានចំណាក់ស្រុកនៅក្រៅប្រទេស ប្រមាណជាង១លាន២០ម៉ឺននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានសិទ្ធបោះឆ្នោតដូចពលរដ្ឋខ្មែរទូទៅ។
ហើយបើទោះជា គជប ប្រកាសបែបនេះ ក៏ លោក សំ គន្ធាមី បញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិល នៅតែបន្តការទាមទារ នឹងស្នើដល់ គជប ត្រូវជួយសម្រួលអោយមានការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមណ្តាជាយដែននៅក្នុងប្រទេសកម្ពុជា ដើម្បីអាចអោយពលរដ្ឋខ្មែរមានភាពងាយស្រួល និងមានលទ្ធភាពក្នុងការបោះឆ្នោតផងដែរ។
គួបញ្ជាក់ថា សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណជាង ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត មានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ឬស្មើនឹង៨១.៣៨ភាគរយ ដោយនៅសល់ជាង២លាននាក់ទៀតដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ។ ជាមួយគ្នានេះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ នេះ គជប បានប្រកាសថា ខ្លួន នឹងចាប់ផ្តើចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ថ្មី ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈការបោះឆ្នោតជាតិ អាណត្តិទី ៦ នឹងប្រព្រឹត្តទៅ នៅថ្ងៃ អាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
លោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!