CCI ផ្តល់អាហារូបករណ៍ចំនួន ២០ នាក់ ចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាន
ភ្នំពេញ៖ វិទ្យាស្ថានសាគមនាគមន៍កម្ពុជានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ថា CCI ប្រកាសជ្រើសរើស សិក្ខាកាម ជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ទាំងក្នុងស្ថានប័នរដ្ឋ និង ឯកជន ចំនួន២០នាក់ ដើម្បីចូលរៀនលើមុខជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើប អង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលវគ្គនេះនឹងប្រព្រឹត្តទៅចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានសាគមនាគមន៍កម្ពុជា បានបញ្ចាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី ៣ ហើយ ដែលខ្លួនបានបង្កើតឡើងក្រោមគម្រោងសេចក្តីព្រាងច្បាប់ “សិទ្ធិទទួលព័ត៌មាន” ដោយមានការឧបត្ថម្ភពីទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា។
CCI បានបញ្ចាក់ថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានផលប្រយោជន៍ដូចជា ទទួលបានចំណេះដឹងស្តីពីសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន ដោយការសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានសញ្ញាបត្រ និងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពាក់ព័ន្ធ ខណៈទទួលបានប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សា រួមនឹងទទួលបានវិញ្ញាបនបត្រដែលចេញដោយវិទ្យាស្ថានសារគមនាគមន៍កម្ពុជា (CCI) ផងដែរ។
លោក ចន សុវណ្ណារ៉ា អ្នកសម្របសម្រួលគម្រោង នៃវិទ្យាស្ថានសារគមនាគមន៍កម្ពុជា បានបញ្ចាក់ថា សម្រាប់កម្មវិធីសិក្សា គឺរួមមានវគ្គទ្រឹស្តីក្នុងថ្នាក់ មានរយៈពេល 0៧សប្តាហ៍ ដែលផ្នែកទី ១ រៀនថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និង ថ្ងៃសៅរ៍ ដោយចាប់ផ្តើមចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណែក ផ្នែកទី២ គឺ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៧។
លោកបន្តថា បន្ទាប់ពីរៀនវគ្គទ្រឹស្តីរួច សម្រាប់វគ្គទី ២ គឺការចុះអនុវត្តជាក់ស្តែង និងការតាមដានលើការសរសេរអត្ថបទស្ថាពរ គឺចាប់ពីខែ វិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ ខែមករា ឆ្នាំ២០១៨ ដោយល័ក្ខខ័ណ្ឌជ្រើសរើស គឺ បេក្ខជនត្រូវជាអ្នកសារព័ត៌មាន ឬអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងទាំងក្នុងស្ថានប័នរដ្ឋ និងឯកជន មានលិខិតបញ្ជាក់ពីការអនុញ្ញាតឲ្យចូលរៀនពីស្ថាប័នសាម៉ី មានអំណះអំណាងពីសាម៉ីជនបញ្ជាក់ពីការបំពេញតាមល័ក្ខខ័ណ្ឌតម្រូវរបស់វគ្គសិក្សា ឬធ្លាប់បានសរសេរ ឬផលិតឯកសារព័ត៌មាន ដែលបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងមក។
លោក ចន សុវណ្ណារ៉ា ក៏បានលើកទឹកចិត្តឲ្យបេក្ខនារីដាក់ពាក្យចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យ គឺត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ។
សូមជំរាប់ថា ចំពោះការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ បេក្ខជនអាចចូលទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈ www.ccicambodia.org ដើម្បីបំពេញ និងផ្ញើមកកាន់អ៊ីម៉េល ccicambodia.info@gmail.com ឬដាក់ពាក្យដោយផ្ទាល់នៅការិយាល័យវិទ្យាស្ថានសារគមនាគមន៍កម្ពុជា (CCI) នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!