លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ។
នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ នៅក្នុងឪកាសនោះ លោកបានផ្តល់ អនុសាសន៍ ៥ចំនុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់ល័ក្ខខ័ណ្ឌការងារនិងប្រាក់ចំណូលល្អ។
អនុសាសន៍ទាំង៥ចំនុចនោះ រួមមាន ទី១ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
ទី ២ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
ទី ៣ រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ លោក បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
ទី៤ ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក ម្ចាស់ក្រុមហ៊ុន នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។
និងទី៥ គឺរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ ។
លោកហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីផងដែរថា សម្រាប់ប្រាក់បៀរវត្សន៍មន្ត្រីទាបបំផុតគឺទទួលបានអប្បបរមា ១ លានរៀល។ ដោយកាលពីមុនប្រាក់ខែមន្ត្រីរាជការយើង លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ។ ដោយក្នុងនោះ ដែរ លោកថា ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) គឺមិនមានការបង់ថ្លៃទៀតទេ។ រាជរដ្ឋាភិបាលបានទិញយកមកគ្រប់គ្រងអោយប្រជាជនធ្វើដំណើរដោយមិនគិតថ្លៃដើម្បីជួយលើកកំពស់ជីវភាពរស់នៅអោយកាន់តែល្អប្រសើ។
កន្លងទៅខាងភាគីសហជីពក៏បានថ្លែងសាទចំពោះការតម្លើងប្រាក់ខែគោលដល់កម្មករនិយោជិត ដែលជាផ្នែកមួយដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ។ សំឡេង
គួកត់សំគាល់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាសទាំងអស់ បានពិភាក្សាចរចារតម្លើងប្រាក់ខែសម្រាប់កម្មករកម្មការិនី ដោយសម្រេចថា ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ ដោយក្នុងនោះ រាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ ដែលសាច់ប្រាក់នេះបានមកពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីប្រាក់ខែគោលនេះ ក៏មានបូកបន្ថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ ថែមទៀតផងដែរ៕ ដោយប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!