នៅព្រឹកនេះ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ក្រោមរបៀបវារៈចំនួន ៦
(ភ្នំពេញ )៖រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ក្រោមការចូលរួមពីលោក ហេង សំរិន ប្រធានរដ្ឋសភា និងមានសមាជិករដ្ឋសភា ផ្តើមសម័យប្រជុំចំនួន៦៧រូបទៀត នៅក្នុងនោះមានរបៀបវារៈមួយចំនួន ត្រូវបានអនុម័តទាំងស្រុង និងមួយចំនួនទៀត មិនទាន់បានអនុម័តនៅឡើយនោះទេ។ រាយកាបន្តដោយលោកញ៉ែម ប្រសិដ្ឋ។
នាព្រឹកនេះបាន សម័យប្រជុំរដ្ឋសភា បានអនុម័តរបៀបវារៈមកពិភាក្សានិងអនុម័តចំនួន០៦ ក្នុងនោះមានរបៀបវារៈទី១ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ ទី២ របាយការណ៍ស្តីពី សកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥។ ទី៣ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម។
បន្ថែមពីនេះ អង្គប្រជុំ ក៏បានអនុម័តទាំងស្រុង លើរបៀបវារៈទី៤ លើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀត ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) និងសាធារណរដ្ឋប្រជាមានិតចិនផងដែរ។
ទាក់ទងនិងឲព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយ ព្រះអង្គបានមានព្រះបន្ទូលទៅកាន់ ថ្នាក់ដឹកនាំសភា និងរដ្ឋាភិបាល ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងសភានិងរាជរដ្ឋាភិបាល ដែលបានធានាឲ្យមានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿនទំាងនេះ បាននាំឲ្យកម្ពុជាអាចសម្រេចបាននូវអត្រាខ្ពស់នៃកំណើនសេដ្ឋកិច្ចបន្តបន្ទាប់ ជាពិសេសនោះ គឺជួយដោះស្រាយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទំាងទទួលយកបញ្ហាកង្វល់ និងការលំបាកទំាងឡាយរបស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា ក៏ដូចជាកិច្ច ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការប្រកបដោយជោគជ័យ នៃការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។
យ៉ាងណាក៏ដោយ នៅព្រឹកនេះ សេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយនៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ដែលមានសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៧រូប ដោយសេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យនេះ មាន ៦ជំពូក ស្មើនឹង ៤៤មាត្រា។
បើតាមការលើកឡើងពីលោកស្រី ងិន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លើកឡើងថា សេចក្តីព្រៀងច្បាប់នេះ បានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ និងជាច្រើនដំណាក់កាលរបស់គណៈកម្មការ។ បន្ទាប់ពីការពិនិត្យមើលឃើញថាត្រឹមត្រូវហើយនោះ សេចក្តីព្រៀងច្បាប់នេះមិនបានកែប្រែខ្លឹមសារដើមនោះឡើយ។
លោកស្រី បានបន្តថា ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ ធ្វើឡើងសម្រាប់ការពារដល់ផលិតកម្ម និង ឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅកម្ពុជា ព្រមទាំង ផ្តល់ទំនុកចិត្ត និងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុក និងបទេស ដែលបានបណ្តាក់ទុននៅកម្ពុជា តាមរយៈការដាច់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានាសម្រាប់ជួយធានាដល់ការប្រក្រតួប្រជែងដោយសុរិចត និងស្មោះត្រង់ រវាងផលិតករ ពាណិជ្ជករ ដែលផលិត និងលក់ផលិតផលក្នុងស្រុក ជាមូយនិងផលិតករបរទេស និងពាណិជ្ជករ ដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។
ហើយច្បាប់នេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុក នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុងស្រុក និងវិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក៏នឹងផ្តល់លទ្ធភាព ក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផល នាំចូលដែលអាចបង្កមហន្តរាយដល់ផលិតកម្ម និងឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជា បានចង និងបានសន្យានៅក្នុងក្រប ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើចាំបាច់។
ដោយឡែក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងដែថា ច្បាប់ឧបាស្រ័យពាណិជ្ជកម្មនេះជាការតព្វកិច្ចដែលកម្ពុជា ត្រូវបំពេញតាមការទាមទារអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការមួយនេះកាលពី១៣ឆ្នាំមុននោះ (១៣ តុលា ២០០៤-១៣ តុលា ២០១៧)។ សេចក្តីព្រៀងច្បាប់ស្តីពីឧសបាស្រ័យពាណិជ្ជកម្មនេះ គឺផ្អែកលើច្បាប់គំរូបរបស់អង្គការពាណិជ្ជកម្មពិភពលោក និងមានសុគតភាពជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយអនុលោមតាមច្បាប់នានារបស់ច្បាប់កម្ពុជាផងដែរ។
ចំណែករបៀបវារៈទី៥ ស្តីពីសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ និងរបៀបវារៈទី៦ ស្តីពី សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/ ០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ ត្រូវបានរដ្ឋសភា សម្រេចផ្អាក់ និងលើកយកទៅពិនិត្យ និងអនុម័តនៅពេលក្រោយ ។
គួរបញ្ចាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ គឺពុំមានវត្តមានរបស់សមាជិកសភា គណបក្សសង្រ្គោះជាតិចូលរួមនោះទេ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!