រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកថា ទ័ពអ៊ីរ៉ាក់គ្មានឆន្ទៈក្នុងការប្រយុទ្ឋនៅក្រុងរ៉ាម៉ាឌី
Washinton 25 May: រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter បានថ្លែងថា បើតាមវិធីដែលកងកម្លាំងអ៊ីរ៉ាក់នៅទីក្រុងរ៉ាម៉ាឌីកុំតែធ្វើនាពេលបច្ចុប្បន្ននេះ បានបង្ហាញថាពួកគេខ្វះឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមនោះទេ។
លោក Carter បានថ្លែងប្រាប់ទូរទស្សន៍ CNNថាកងកម្លាំងរបស់សហភាពអ៊ីរ៉ាក់មានចំនួនយ៉ាងធំធេងលើសពីចំនួនកងទ័ពរបសើក្រុមIS ប៉ុន្តែពួកគេបានជ្រើសរើសយកវិធីសាស្រ្តដកថយទៅវិញ។ចំណែកប្រធានគណៈកម្មាធិការការពារជាតិនិងសន្តិសុខរបស់ប្រទេសអ៊ីរ៉ាក់វិញបានថ្លែងថាការអធិប្បាយនេះគឺ មិនប្រាកដប្រជានិងគ្មានមូលដ្ឋានច្បាស់លាស់។រដ្ឋាភិបាលអ៊ីរ៉ាក់ឥឡូវនេះបានពង្រាយពួកជីវពលនិកាយស៊ីអ៊ីតទៅក្នុងតំបន់នោះហើយដើម្បីព្យាយាមបញ្ឈប់ការរុលទៅមុខរបស់ពួកសកម្មប្រយុទ្ឋIS។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះពួកកងទ័ពនិងសម្ព័នមិត្តបានកាន់កាប់តំបន់Husaybaខាងកើតទីក្រុងរ៉ាម៉ាឌី រដ្ឋធានីនៃខេត្ត Anbarជាថ្មីពីពួកឧទ្ទាម ជាមួយនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់ជាបន្តទៀកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។សហរដ្ឋអាមេរិកចូលរួមនៅក្នុងគោលនយោបាយនៃការបណ្តុះបណ្តាលនិងបានបំពាក់អាវុធដល់កងកម្លាំងអ៊ីរ៉ាក់ចាប់តាំងពីខ្លួនបានដកកងទ័ពប្រយុទ្ធរបស់ខ្លួនកាលពីចុងឆ្នាំ ២០១១មក ។
កងទ័ពអ៊ីរ៉ាក់បានទទួលបរាជ័យមួយចំនួននៅក្រោមដៃរបស់ពួកISកាលពីជាងមួយឆ្នាំមុនដោយមានការជួយផ្គត់ផ្គង់សភារៈយោធារបស់អាមេរិកនៅពីក្រោយផងដែរ។លោក Carter មានប្រសាសន៍ថា ស្ថានការណ៍នៅក្រុងរ៉ាម៉ាឌី ជាអ្វីដែលជាក់ស្តែង ដែលបានកើតឡើងនោះ គឺកងទ័ពអ៊ីរ៉ាក់បានបង្ហាញឆន្ទៈថា ពួកគេគ្មានអារម្មណ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមISនោះទេទោះបីជាពួកគេមានទ័ពច្រើនជាងពួកនោះក៏ដោយ។ ដោយបានរៀបរាប់អំពីស្ថានភាពនេះ លោកបន្ថែមថា យើងអាចផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាល យើងអាចផ្តល់ឱ្យពួកគេនូវឧបករណ៍សម្ភារៈប៉ុន្តែយើងមិនអាចធ្វើឱ្យពួកគេមានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ឋបានទេ។លោក Carter បានឱ្យដឹងថា ការបណ្តុះបណ្តាលនិងការផ្តល់ឲ្យនូវឧបករណ៍សឹកនេះ នឹងបន្តក្នុងក្តីសង្ឃឹមថាខ្លួននឹងធ្វើការអភិវឌ្ឍកងទ័ពអ៊ីរ៉ាក់នៅក្នុងពេលណាមួយ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!