វិទ្យាល័យមួយនៅខេត្តបន្ទាយមានជ៍យសាទរចំពោះការភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃពីមិត្តហ្វូន
ខេត្តបន្ទាយមានជ័យ៖ ស្ថិតនៅក្រោមប្រតិបត្តិការយ៉ាងស្វិតស្វាញនៃការតផ្ជាប់បណ្តាញអ៊ីនធឺណិតទៅកាន់សាលារៀនទូទាំងប្រទេស ថ្មីៗនេះវិទ្យាល័យជប់វ៉ារី ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ បានទទួលការតម្លើងអ៊ីនធឺណិតបញ្ចប់ជាស្ថាពរពីក្រុមហ៊ុនមិត្តហ្វូន។
នៅក្នុងជំនួបមួយរវាងតំណាងក្រុមហ៊ុនមិត្តហ្វូនសាខាខេត្តបន្ទាយមានជ័យ ជាមួយនឹងនាយកសាលាវិទ្យាល័យនេះ ភាគីទាំងពីរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនមិត្តហ្វូនក៏ដូចជាការសហការយ៉ាងជិតស្និទ្ធិពីក្រសួងដើម្បីពន្លឿនឲ្យការតភ្ជាប់នេះកាន់តែប្រសើរឡើង។
នាយកសាលាជប់វ៉ារី លោក វ៉ាត វីរក្ស បានមានប្រសាសន៍ថា «យើងខ្ញុំ ក៏ដូចជាលោកគ្រូអ្នកគ្រូនៃវិទ្យាល័យជប់វ៉ារីនេះរីករាយចំពោះការតភ្ជាប់អ៊ីនធឺណិតមកកាន់សាលារៀនរបស់យើង។ វាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ។ ពួកគេអាចមានឱកាសសិក្សាស្រាវជ្រាវនៅលើអ៊ីនធឺណិតបន្ថែមក្រៅពីសិក្សានៅសាលារៀន»។
«សិស្សសាលានៃវិទ្យាល័យចំនួន ១២៦៥នាក់ នឹងទទួលបានបទពិសោធន៍ថ្មីមួយទៀតតាមរយៈការប្រើប្រាស់អ៊ីនធឺណិតដែលបានផ្តល់ជូនពីមិត្តហ្វូន» លោកបន្ថែម។
ជាមួយនឹងទស្សនៈ និងបេសកម្មក្នុងការនាំបេច្ចេកវិទ្យាទំនើប ជាពិសេសគឺសេវាអ៊ីនធឺណិតដែលក្រុមហ៊ុនមិត្តហ្វូនមានសមត្ថភាពក្នុងការផ្គត់ផ្គង់លើវិស័យទូរគមនាគមន៍នេះ ក្រសួងអប់រំយុវជន និងកីឡាក៏បានចុះអនុស្សារណៈក្នុងការអនុញ្ញាត្តិឲ្យក្រុមហ៊ុនមិត្តហ្វូនអនុវត្តន៍នៅគម្រោងដ៏ធំមួយនេះសម្រាប់រយៈពេល៥ឆ្នាំ។ ហើយ ៣០០០ សាលារៀនទូទាំងប្រទេសនឹងត្រូវបានភ្ជាប់អ៊ីនធឺណិតដើម្បីអនុញ្ញាត្តិឲ្យលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សសិក្សាស្រាវជាវដើម្បីអភិវឌ្ឍន៍ចំនេះដឹងតាមបែបអេឡិចត្រូនិច។
តាមរយៈការវាយតម្លៃទៅលើគម្រោងនេះ វាគឺជាការបោះជំហានចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត១លាននាក់ទូទាំងប្រទេសនឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។
នៅក្នុងពិធីចុះអនុស្សារណៈកាលពីឆ្នាំ ២០១៦ លោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា មិត្តហ្វូននឹងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា ហើយនឹងព្យាយាមធ្វើយ៉ាងណាពង្រីកបណ្តាញអ៊ីនធើរណេតនៅតាមសាលារៀនឱ្យបានទូទាំងប្រទេស៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!