DMC ដាក់សម្ពោធ និងចាក់បញ្ចាំងកម្រងវីដេអូឯកសារខ្លី នៃគម្រោង Project Three
ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមនិស្សិតផ្នែក គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយជំនាន់ទី១៤ នឹងរៀបចំកម្មវិធីសម្ពោធ និងចាក់បញ្ចាំងកម្រងវីដេអូឯកសារខ្លី នៃគម្រោង៣ (Project Three) ចំនួន៨រឿង នៅថ្ងៃសុក្រ ទី ០១ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ។
បើតាមសេចក្តីជូនដំណឹងស្តីពីការសម្ពោធនិងចាក់បញ្ចាំងភាពយន្តឯកសារខ្លីនៃគម្រោង៣ (Project Three) រដូវកាលទីបី ចេញផ្សាយនៅថ្ងៃទី ២៩ វិច្ឆិកានេះ បានឲ្យដឹងថា កម្មវិធីនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង ១៧:៣០ ល្ងាចតទៅ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយភាពយន្តឯកសារខ្លីចំនួន៨នេះ ត្រូវបានផលិតឡើងដោយក្រុមនិស្សិតឆ្នាំទី៣នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍។
ខ្សែភាពយន្តឯកសារទាំង៨ រឿង ដែលនឹងត្រូវចាក់បញ្ចាំង គឺផ្តោតទៅលើកម្រងសាច់រឿងដែលមិនសូវទទួលបានការយកចិត្តទុកដាក់ ដូចជា ជីវិតតស៊ូនិងក្តីសង្ឃឹមរបស់បុគ្គលមានទេពកោសល្យ តំបន់ទេសចរណ៍ដែលមិនសូវទទួលបានការផ្តោតអារម្មណ៍ បញ្ហាចំណាកស្រុក និងការចងចាំរបស់អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមជាដើម។ ជាងនេះទៅទៀត វីដេអូឯកសារខ្លីទាំងនេះ គឺមានសក្តានុពលក្នុងការរំលេចសារដែលភ្ជាប់មកនូវជាមួយដំណោះស្រាយទៅនឹងបញ្ហាដែលកើតមានក្នុងពេលបរិបទសង្គមកម្ពុជាមានការប្រែប្រួលដ៏ឆាប់រហ័ស។
ក្រុមនិស្សិតជាផលិតករខ្សែភាពយន្តខ្លីទាំង៨នេះ សង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្តឯកសារខ្លីទាំង៨រឿងនេះ នឹងចូលរួមជាផ្នែកមួយក្នុងការចង្អុលបង្ហាញនូវសំណុំរឿងដែលមិនសូវទទួលបានការអើពើ និងបោះជំហានទៅរកដំណោះស្រាយដ៏សមស្របដើម្បីការវិវឌ្ឍទៅមុខប្រកបដោយភាពសុខដុមរមនានៃកម្ពុជា។
សូមជំរាប់ថា កម្មវិធីនេះ ក៏នឹងមានការចូលរួម ពីតំណាងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក ប៉ុក បូរក្ស ប្រធានស្តីទីនាយកដ្នានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធ និង ចាក់បញ្ចាំងគម្រោងភាពយន្តឯកសារខ្លីនេះផងដែរ ខណៈការរៀបចំ គឺក្រោមការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់(GIZ)និងសេវាកម្មស៊ីវិលសន្តិភាពអ៊ឺរ៉ុប(ZFD) ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!