NICET មិនគាំទ្រដាច់ខាត ដោយថាការការដាក់លិខិតជាមុន មុននិងចុះល្បាតព្រៃ គឺបង្កការរាំងស្ទះដល់ការចុះល្បាត និងទប់ស្កាត់ការបង្ក្រាបបទល្មើសព្រៃឈើ
ក្រុមបណ្តាញ និស្សិតឯករាជ្យ ដែលធ្វើការសកម្មទៅលើការពារព្រៃឈើ និងបរិស្ថាន បានលើកឡើងថា ការដែលចុះល្បាតព្រៃ របស់សហគមន៍ការពារព្រៃឡង់ ឬអង្គកាសង្គមស៊ីវិល ដែលតម្រូវឲ្យធ្វើលិខិតស្នើសុំពីមន្ទីរបរិស្ថាន រឺក្រសួងសាម៉ីជាមុន គឺបង្កការរាំងស្ទះដល់ការទប់ស្កាត់ការបង្ក្រាបបទល្មើសព្រៃឈើ និងផ្ទុយពីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំងច្បាប់រដ្ឋធម្មនុញ្ញ។រាយការណ៍បន្តដោយលោកញ៉ែម ប្រសិដ្ឋ។
សូមស្តាប់ព័ត៌មានពិស្តារ៖
ក្នុងលិខិតចំហមួយច្បាប់ របស់ក្រុមបណ្តាញនិស្សិតឯករាជ្យ NICET ចុះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៧នេះ បានប្រកាសយ៉ាងដាច់ណាត់ មិនគាំទ្រចំពោះ ក្រសួងបរិស្ថាន ដែលតម្រូវអោយសហគមន៍ការពារព្រៃឡង់ ជនបរទេស អង្គកាសង្គមសីវិល ត្រូវធ្វើលិខិត ស្នើសុំពីមន្ទីរបរិស្ថាន និងក្រសួង ជាមុនសិន មុននឹងចុះល្បាតព្រៃ ក្រោមហេតុផលការពារសុវត្ថិភាពនោះទេ។
ការប្រតិកម្មបែបនេះ បានធ្វើឡើងបន្ទាប់ពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ ក្នុងពិធី កាចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការអភិរក្សព្រៃឈើ ដែលតម្រូវឲ្យសហគមន៍ការពារព្រៃឡង់ ឬអង្គការសង្គមស៊ីវិល ធ្វើលិខិតស្នើសុំជាមុន ពីមន្ទីរបរិស្ថាន រឺក្រសួងសាម៉ី ។
ក្រុមបណ្តាញនិស្សិតឯករាជ្យ យល់ថា ចំណាត់ការនេះ គឺហាក់ដើរផ្ទុយពី ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣៥ និងព្រមទាំងផ្ទុយពីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកន្លងទៅបានស្នើសុំអោយប្រជាពលរដ្ឋទូទៅ ចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ ជាពិសេសគឺយុវជន និងសហគមន៍ទាំងមូលនោះ។
ទាក់ទិននិងការប្រកាសបែបនេះ វិទ្យុសំឡេងយុវជនវីអូវ៉ាយ បានទាក់ទងទៅកាន់អ្នកនាំពាក្យក្រសួងបរិស្ថានជាច្រើនលើក សុំការឆ្លើយតប តែលោក សៅសុភាព មិនលើកទូរស័ព្ទនោះទេ។
ដោយឡែក លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី បានអោយវិទ្យុសំឡេងយុវជន ដឹងនៅថ្ងៃទី ៥ ខែធ្នូនេះថា ចំពោះបញ្ហាទាំងនេះ ក្រសួងបរិស្ថាន ដែលជាសេនាធិការ គឺជាអ្នកដោះស្រាយ ហើយលោកគ្រាន់តែលើកឡើងដែរថា ខាងក្រុមបណ្តាញ ការពារព្រៃឈើ សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល គួរតែសុំលិខិតបញ្ជាក់ពីក្រសួងដើម្បីចូលរួមសហការគ្នាយ៉ាងល្អ ក្នុងកិច្ចការពារនេះ។
បើតាម លោកហេង ស្រស់ តំណាងក្រុមបណ្តាញនិស្សិតឯករាជ្យ បានអោយវិទ្យុសំឡេងយុវជនដឹងនៅថ្ងៃនេះថា ការធ្វើបែបនេះ ហាក់ជាការបំបិទសិទ្ធិសេរីភាព ដោយប្រយោល ក្នុងការដើរល្បាត និងចូលរួមយ៉ាងសកម្ម របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការការពារធនធានធម្មជាតិ។ លោកបន្តថា ទម្រាំតែមានការដាក់លិខិត និងមានលិខិតឆ្លើយតប ឈ្មួយកាប់ឈើ ហាក់អាចដឹងខ្លួនជាមុន ។
លោកហេង ស្រស់ បន្តលើកឡើងថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែបង្កើតអោយមានការសហការយ៉ាងជិតស្និទជាមួយសហគមន៍ការពារព្រៃឈើ និងស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
គួរកត់សំគាល់ដែរថា ក្រុមបណ្តាញនិស្សិតឯករាជ្យ បង្ហាញពីការព្រួយបារម្ភចំពោះ ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយពួកគេថាក្នុងមួយថ្ងៃៗ ឈ្មួញឈើដុះស្លែ និងអ្នកមានអំណាច និងលុយមួយចំនួនដែលរកស៊ីកាងឈើខុសច្បាប់បានកំពុងកាប់បំផ្លាញព្រៃឈើ និងដឹកនាំចេញទៅក្រៅប្រទេសតាមរថយន្តយីឌុប យ៉ាងអាណាធិបតេយ្យ ដោយហាក់មិនញញើតចំពោះសមត្ថកិច្ច និងអនុសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបញ្ជារយ៉ាងដាច់អហង្កាដោយបង្រ្កាបអោយខានតែបានយ៉ាងណាក្តី។
ទិន្នន័យថ្មីពីប្រព័ន្ធផ្កាយរណបដែលចេញផ្សាយដោយសកលវិទ្យាល័យ ម៊ែររីលែន ក្នុងសហរដ្ឋអាមេរិក បានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ បាន កើនឡើងរហូតទៅដល់៣០% គឺមានចំនួនលើសពីឆ្នាំ២០១៥ ទៅទៀត បើទោះបីជាមានការបង្កើតក្រុមកិច្ចការពិសេសរបស់ស្ថាប័នកងរាជអាវុធហត្ថក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅទូទាំងប្រទេសក៏ដោយចុះ។
បើតាមរូបភាពពីប្រព័ន្ធផ្កាយរណបដែលចេញផ្សាយដោយសកលវិទ្យាល័យ ម៊ែររីលែន នេះបង្ហាញថា យ៉ាងហោចណាស់ព្រៃឈើទំហំជាង ២សែនហិកតារ នៅតំបន់ភូមិភាគឦសាន ត្រូវបានកាប់បំផ្លាញទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើអាជីវកម្មដោយខុសច្បាប់ទៅកាន់ប្រទេសវៀតណាម។
បើទោះបីជាមានរបាយការណ៍ច្រើនរាប់មិនអស់អំពីវិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ធ្លាប់អះអាង កាលពីឆ្នាំកន្លងទៅថា អត្រានៃបទល្មើសព្រៃបានបន្តធ្លាក់ចុះគួរឲ្យកត់សំគាល់ ពោលគឺ អត្រាភាពរីករិលនៃព្រៃឈើមានការថយចុះរយៈពេលជាង១០ឆ្នាំ(២០០៦-២០១៦)ហើយគិតជាមធ្យមមានការថយចុះនាពេលបច្ចុប្បន្នប្រមាណ០,៦% នៃផ្ទៃដីប្រទេសតែប៉ុណ្ណោះ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!