កម្ពុជាបន្តបង្កើនទំនាក់ទំនងជាមួយចិន ខណៈអ្នកជំនាញ បារម្ភ
ភ្នំពេញ៖ កម្ពុជាបន្តទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ និងយោធា បន្ទាប់ពីនាយករដ្ឋមន្ត្រីចិន បន្តផ្តល់ជំនួយឥតសំណងជាច្រើនលានដុល្លា ដល់កម្ពុជា។ ជុំវិញទំនាក់ទំនងនេះ អ្នកតាមដានការអភិវឌ្ឈន៍សង្គម និងអ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា ទំនាក់ទំនងកម្ពុជាជាមួយចិន បានផ្តល់ ផលប្រយោជន៍ច្រើន ខណៈក្នុងនោះ ក៏មានប៉ះពាល់មួយចំនួនផងដែរ។ រាយការណ៍បន្តដោយ លោក សួស យ៉ាមី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង បានចុះហត្ថលេខាលើ គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារដុល្លារអាមេរិក និងការចុះហត្ថលេខាលើឯកសារសំខាន់ៗ ជាច្រើនទៀត ដែលបង្ហាញពីការផ្តល់ជំនួយមកកាន់កម្ពុជា ដ៏ច្រើនលើសលុប។
នៅក្នុងពិធីចុះហត្ថលេខា កម្ពុជា-ចិន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីចិន Li Keqiang ផ្តល់ជំនួយដ៏ច្រើនដល់គម្រោងសាងសង់ផ្លូវល្បឿនលឿន ប្រវែង ១៩០,៦៣គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារដុល្លារអាមេរិក។ បន្ថែមពីនេះ ចិន ក៏បានបញ្ចាក់ជំហរថា ខ្លួននឹងផ្តល់ជូនមូលនិធិឥតសំណងប្រមាណ ១,២០០លានយ័ន សម្រាប់គម្រោងអភិវឌ្ឍខ្នាតតូច និងមូលនិធិប្រមាណ ៦០០លានយ័នថែមទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ ដូចជាផ្លូវល្បឿនលឿនជាដើម។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រីក្រសួងសាធារណការណ៍ និងដឹកជញ្ជូន បាននិយាយថា ការផ្តល់ជំនួយឥតសំណងពីភាគីចិន គឺនឹងជួយសម្រួលដល់សេដ្ឋកិច្ចកម្ពុជា កាន់តែច្រើន ដោយការធ្វើដំណើរទៅមករាជធានីភ្នំពេញ-ខេត្តព្រះសីហនុ បានឆាប់រហ័ស កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។
លើសពីនេះទៀត លោកអះអាងថា កម្ពុជា ថែមទាំងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបានពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ ក្រោយជំនួយរបស់ចិនផងដែរ។
ទាក់ទងនឹងទំនាក់ទំនងដ៏ស្អិតល្មួតនេះ អ្នកតាមដានការអភិវឌ្ឈន៍សង្គម និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច មួយចំនួន
ទទួលស្គាល់ថា ទំនាក់ទំនងកម្ពុជាជាមួយនឹងចិន ពិតជាទទួលបានប្រយោជន៍ជាច្រើន តែពួកគេ ក៏បង្ហាញពីក្តីបារម្ភចំពោះផលប៉ះពាល់មួយចំនួនផងដែរ ដែលកើតចេញពីទំនាក់ទំនងទាំងនេះ។
លោក ហង់ វិទូ ប្រធានមក្រុមអ្នកវិភាក្សាវ័យក្មេង បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃសុក្រនេះថា ជំនួយរបស់ចិនមានផលប្រយោជន៍ច្រើនក្នុងការអភិវឌ្ឈន៍ និងបញ្ហានយោបាយ ដើម្បីឲ្យកម្ពុជាមានឥទ្ធិពល និងជួយកម្ពុជាក្នុងរឿងការងារ សេដ្ឋកិច្ច និងវប្បធម៍ច្រើន។ តែទន្ទឹមនឹងការផលប្រយោជន៍នេះ លោក ក៏បានមើលឃើញពីផលប៉ះពាល់ច្រើន ដែលកើតចេញពីជំនួយឥតសំណងពីចិនផងដែរ រួមមានការបង្កើតឲ្យមានអំពើពុករលួយ និងមិនបានគិតពីបញ្ហាសិទ្ធមនុស្ស និងបានអូសទាញកម្ពុជាចេញពីលោកប្រជាធិបតេយ្យ។
មិនខុសគ្នានេះដែរ លោក គី សេរីវុឌ្ឍន៍ បណ្ឌិតផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងដែរថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាពិតជាល្អ។ តែលោក ចង់ឲ្យរដ្ឋាភិបាល គួរមានទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិច សហភាពអ៊ឺរ៉ុប ក៍ដូចជាបណ្តាប្រទេសដទៃ ដើម្បីបង្ហាញថាកម្ពុជាមិនប្រកាន់ពូជសាសន៍។
គូរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីចិន Li Keqiang ម្តងរួចមកហើយនៅក្នុង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ ដែលប្រទេសចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ៣៦០០លានយន់ ប្រហែលជិត ៦០០លានដុល្លារអាមេរិកដល់កម្ពុជា ចាប់ពីឆ្នាំ២០១៦ ដល់ ២០១៨។ ហើយកាលឆ្នាំ២០១៦ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណង១,២០០លានយ័ន ស្មើនិង២៩០លានដុល្លាដល់កម្ពុជា ខណៈជំនួយឥតសំណងលើកនេះ គឺរួមមាន ការផ្តល់មកឲ្យកម្ពុជា នូវផ្លូវល្បឿនលឿន ដែលត្រូវសាងសង់ដោយក្រុមហ៊ុនវិនិយោគិនរបស់ចិន និងក្រៅពីគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៩ទៀត ដែលជួយជំរុញដល់វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យទេសចរណ៍៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!