កម្ពុជា ទទួលបានជំនួយពីបារាំង ជាង ៥០ លានដុល្លា
បារាំង នឹងផ្តល់ជំនួយ និងប្រាក់កម្ចីប្រមាណ៤១លានអឺរ៉ូ ដែលស្មើនឹងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២ នៅតាមបណ្តាខេត្ត ជាពិសេសលើគម្រោងទឹកស្អាត និងអនាម័យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់ជំនួយ និងប្រាក់កម្ចីប្រមាណ៤១លានអឺរ៉ូ ដែលស្មើនឹងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២ នៅតាមបណ្តាខេត្ត ជាពិសេសលើគម្រោងទឹកស្អាត និងអនាម័យ។
បើតាមសេចក្តីប្រកាសដដែលបានបញ្ចាក់ថា កម្ចីដែល បារាំង-កម្ពុជាបានចុះកិច្ចព្រមព្រៀងលើទឹក ជាង ៥០ លានដុល្លា រួមមាន ១៖ កិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត ក្នុងទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ប្រហែល៤៩លានដុល្លារ ២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ក្នុងទឹកប្រាក់ចំនួន ១លានអឺរ៉ូ ប្រហែល១,២៤លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច បានអះអាងថា កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងចូលរួមចំណែកក្នុងផ្តល់ការអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធជនបទតាមរយៈការផ្តល់សេវាកម្ម ក៏ដូចជាការតបណ្តាញទឹកស្អាតទៅកាន់ទីជនបទ និងការកសាងសមត្ថភាពមន្រ្តីអនុវត្តគម្រោង និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។
គួរបញ្ចាក់ថា AFD គ្រោងនឹងបន្ថែមទំហំហិរញ្ញប្បទានសហប្រតិបត្តិការដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ឲ្យស្របទៅនឹងបរិការណ៍នៃការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជា ហើយក្នុងន័យនេះ លោកនឹងខិតខំជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់កម្ពុជា ក្នុងការស្រូបយកនូវហិរញ្ញប្បទានសហប្រតិបត្តិការនេះពី AFD ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!