Commentary:ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ
ទំនាក់ទំនងសេដ្ឋកិច្ច -ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ប្រទេសភូមិផងរបងជាប់គ្នា ត្រឡប់មកបន្តការរីកចំរើនយ៉ាងរលូនជាថ្មីម្តងទៀត ។
ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៥
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អរញ្ញ (Photo: go with me)
ទំនាក់ទំនងសេដ្ឋកិច្ច -ពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ប្រទេសភូមិផងរបងជាប់គ្នា ត្រឡប់មកបន្តការរីកចំរើនយ៉ាងរលូនជាថ្មីម្តងទៀត បន្ទាប់ពីរាំងស្ទះមួយខណៈ ដោយសារបញ្ហាជម្លោះនយោបាយ និងសន្តិសុខនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ។
បច្ចុប្បន្នប្រទេសកម្ពុជាយើង កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងទាំងគ្រប់វិស័យ មិនខុសអ្វីពីបណ្តាប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែលនៅមិនទាន់អភិវឌ្ឍដើម្បីដើរទៅឲ្យទាន់គេ ឬកាត់បន្ថយភាពខុសគ្នាឲ្យនៅសល់តិចបំផុត ជាមួយក្រុមដែលមានសក្តានុពលខ្ពស់ជាង ក្នុងចំណោមបណ្តាសមាជិទាំង ១០ របស់អាស៊ាន មុនពេលឈានចូលទៅក្នុង "សហគមន៍សេដ្ឋកិច្ចអាស៊ាន " ដែលសល់ពេលមិនលើសដំណាច់ឆ្នាំនេះ ។
ថ្មីៗនេះ រដ្ឋាភិបាលថៃ បានអនុវត្តផែនការ បង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសកម្ពុជា ដោយការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួម (ឬ SEZ) ចំនួន២កន្លែង តាមបន្ទាត់ព្រំដែនដោយកិច្ចព្រមព្រៀងដែលធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៣ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មនិងការវិនិយោគចំពោះគ្នានិងគ្នា ជាពិសេសផលិតផលផ្នែកកសិកម្មនិងឧស្សាហកម្ម ដោយនឹងប្រើកម្លាំងពលកម្មរបស់កម្ពុជាដែលមានតម្លៃទាបជាងជាគោល ចាត់ទុកជាចំណុចមានប្រៀបរបស់កម្ពុជា ខណៈដែលប្រទេសថៃវិញបានប្រៀបរឿងគាំទ្រប្រព័ន្ធសាធារណូបភោគ ។
តំបន់សេដ្ឋកិច្ចពិសេសទាំងពីរកន្លែងដែលថានេះ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ-ស្រះកែវ និងខេត្តកោះកុង-ត្រាត ដែលនឹងរួមដល់ការបើកច្រកព្រំដែនថ្មីមួយទៀត នៅភូមិ ណងហ៊ាន ខេត្តស្រះកែវ ក្នុងឆ្នាំ ២០១៨ ខាងមុខនេះផង ។
សេចក្តីរាយការណ៍ព័ត៍មានសេដ្ឋកិច្ចរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ១៥ ខែឧសភា កន្លងទៅនេះ នៅក្នុងបទសម្ភាសន៍ជាមួយលោក គោ ស៊ុមសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានអះអាងថា ការចរចាកំពុងដំណើរទៅរវាងអាជ្ញាធរកម្ពុជាជាមួយអាជ្ញាធរថៃ ពាក់ព័ន្ធនឹងការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបានគូសបញ្ជាក់ថា ទោះបីជាមានពាក្យថា "រួម" នៅចុងឃ្លាក្តី តែភាគីទាំងពីរចែកគ្នាអភិវឌ្ឍម្នាក់មួយផ្នែក ។
ប្រទេសថៃនឹងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តស្រះកែវ ក្បែរព្រំដែនខ្មែរ-ថៃ តាមផែនទីដែលព្រមព្រៀងគ្នា ។ ភាគីទាំងពីរនឹងជួលពលកម្មពីប្រទេសកម្ពុជា ដែលតម្លៃពលកម្មទាបជាងខាងថៃ ហើយពលករទាំងនេះ នឹងប្រើ "ស្មាតកាត" ជំនួសលិខិតឆ្លងដែន ឬ Passport ក្នុងការចូលទៅធ្វើការ ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃ នៅឆ្នាំ ២០១៤ តួលេខស្ថិតត្រង់ 5,100 លានដុល្លាសហរដ្ឋអាមេរិក កើនឡើង ១១ ភាគរយ ពី 4,600 លានដុល្លា កាលពីឆ្នាំ ២០១៣ ។ ការនាំចេញទំនិញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ អំឡុងត្រីមាសដំបូងក្នុងឆ្នាំនេះ ស្ថិតត្រង់ 260 លានដុល្លា កើនឡើង 96 ភាគរយ ឬស្មើនឹងពីរដង ពី 134 លានដុល្លា ក្នុងអំឡុងដូចគ្នានៃឆ្នាំ ២០១៤ ។
លោក ជិរនន្ទ វង្សមង្គល ឯកអគ្គរាជទូតទីប្រឹក្សានាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ប្រចាំស្ថានទូតថៃនៅរាជធានីភ្នំពេញ បានឱ្យដឹងថា សកម្មភាពសេដ្ឋកិច្ចដែលប្រសើរឡើងរវាងប្រទេសទាំងពីរ បានកត្តាចម្បងពីការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរជំរុញនយោបាយលើកកម្ពស់ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយគ្នា ។
ក្នុងនោះផងដែររដ្ឋាភិបាលថៃ បានកំណត់លក្ខខណ្ឌពាណិជ្ជកម្មដែលផ្តល់ប្រយោជន៍ដល់ប្រទេសជិតខាងគ្នា ជាអាទិ៍ប្រទេសកម្ពុជា ដែលពាណិជ្ជករថៃទិញទំនិញកម្ពុជា ក្នុងតម្លៃទីផ្សារដូចគ្នានឹងផលិតផលកសិកម្មថៃ ។
ទំនិញនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ភាគច្រើនជាផលិតផលកសិកម្ម ខោអាវជជុះ ត្រី និងលោហៈយកទៅកែឆ្នៃ ចំណែកទំនិញគោលដែលកម្ពុជានាំចូលពីថៃវិញនោះ មានរថយន្តប្រេងឥន្ទនៈ សំភារៈសំណង់ បន្លែនិងផ្លែឈើ ។
រំពឹងថា តម្លៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែននឹងកើនឡើងថែមទៀត បន្ទាប់ពីផ្លូវលេខជាតិលេខ៥ របស់កម្ពុជា ដែលទទួល ជំនួយឥតសំណងពីរដ្ឋាភិបាលចិន មានតម្លៃ 133 លានដុល្លារសហរដ្ឋអាមេរិកកសាងរួច ដែលតភ្ជាប់ខេត្តពោធិសាត់ភាគខាងលិចប្រទេសកម្ពុជាទៅនឹងខេត្តត្រាតប្រទេសថៃ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា ផ្លូវថ្មីនេះនឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគជាមួយប្រទេសថៃ ធ្វើឲ្យទំនាក់ទំនងផ្នែកសេដ្ឋកិច្ចកាន់តែរឹងមាំឡើង ។
លោក ជិរនន្ទ បានឲ្យដឹងទៀតថា រដ្ឋាភិបាលថៃកំពុងត្រៀមគម្រោងរៀបចំពិព័រណ៍ទំនិញថៃនៅប្រទេសកម្ពុជា ដែលប្រារព្វឡើងអំឡុងថ្ងៃទី 4-7 ខែមិថុនា ខាងមុខនេះ ដើម្បីបង្កើនបណ្តាញរវាងក្រុមពាណិជ្ជករក្នុងស្រុកទាំងពីរប្រទេស និងជួយសម្រួលបន្ថែមទៀតដល់កំណើនពាណិជ្ជកម្មព្រមទាំងបានព្យាករតួលេខពាណិជ្ជកម្មទ្វេភាគីថា នឹងកើនលើសពី 5 ពាន់លានដុល្លានៅក្នុងឆ្នាំនេះ ឬ មានការកើនឡើងប្រមាណ 15 ភាគរយ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!