Commeantary:ផែនការអភិវឌ្ឍន៍ប្រទេសម៉ាឡេស៊ី
លោកនាយករដ្ឋមន្ដ្រី ណាជីប រ៉ាហ្សាក់ បានបង្ហាញពីគម្រោងរបស់លោក ក្នុងការធ្វើឱ្យគោលដៅចុងក្រោយជាប្រទេសដែលមានចំណូលខ្ពស់ នៅចុងទសវត្សរ៍នេះ ។
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥
លោក ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី
លោកនាយករដ្ឋមន្ដ្រី ណាជីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ី បានប្រកាសពីគម្រោងអភិវឌ្ឍប្រទេសរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ ២០២០ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងទៅនេះ ដែលជាអំឡុងពេលរដ្ឋាភិបាលម៉ាឡេស៊ី តាំងគោលដៅជោគជ័យក្នុងការជំរុញប្រទេសឲ្យចូលទៅក្នុងប្រទេស មានការអភិវឌ្ឍ ។ ប៉ុន្ដែគោលដៅដូចបានពោល អាចត្រឹមជាការជៀសវាងការដាក់សម្ពាធខាងនយោបាយ ទៅលើរដ្ឋាភិបាលឲ្យប្រញាប់ប្រញាល់ធ្វើកំណែទម្រង់ប្រទេស ដែលរដ្ឋាភិបាលរបស់លោក ណាជីប រ៉ាហ្សាក់ កំពុងប្រឈមមុខនឹងការធ្វើតេស្តដ៏លំបាកនិងធ្ងន់ធ្ងរបំផុត ចាប់តាំងពីការចូលមកដឹកនាំប្រទេសនៅក្នុង ២០០៩ ខណៈដែលប្រទេសម៉ាឡេស៊ី បានរៀបចំខ្លួនជាស្រេចទប់ទល់នឹងការបន្ទាបចំណាត់ថ្នាក់ទំនុកចិត្តរបស់ Fitch និងស្ថានការណ៍នយោបាយ ដែលគ្រាមួយធ្លាប់មានស្ថេរភាព កំពុងរង្គោះរង្គើក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយនិងកំហុសឆ្គងនៃការគ្រប់គ្រងសេដ្ឋកិច្ច ។
នៅពេលដែលលោកនាយករដ្ឋមន្ដ្រី ណាជីប រ៉ាហ្សាក់ បានបង្ហាញពីគម្រោងរបស់លោក ក្នុងការធ្វើឱ្យគោលដៅចុងក្រោយជាប្រទេសដែលមានចំណូលខ្ពស់ នៅចុងទសវត្សរ៍នេះ លោកអាចត្រូវសុខចិត្តលះបង់គោលដៅកំណើនសេដ្ឋកិច្ចរយៈពេលវែង ដើម្បីដោះស្រាយក្តីព្រួយបារម្ភរយៈពេលខ្លី ។ លោក អូ អ៊ីស៊ុន មន្ត្រីជាន់ខ្ពស់នៅ រ៉ាចារ៉ាត់ម៉ាន់ ស្គូល អហ្វ អ៊ិនទើណាស្យូណាល់ ស្តាឌី បានថ្លែងថា មាននយោបាយប្រជានិយមក្នុងផែនការច្រើនជាងវិធានការផ្លាស់ប្តូររយៈពេលវែង ដែលធ្វើឲ្យពួកយើងឈានទៅដល់គោលដៅក្នុងឆ្នាំ ២០២០ ។ នេះដោយសារតែការរស់រានខាងនយោបាយមានភាពសំខាន់យ៉ាងខ្លាំងសម្រាប់លោក ណាជីប រ៉ាហ្សាក់ ហើយនោះក៏ជាអ្វីដែលលោកចាំបាច់ត្រូវកែសម្រួលឱ្យប្រសើរឡើងនូវទិដ្ឋភាពរួមក្នុងខ្សែភ្នែកសាធារណៈជន ក្រៅពីនេះលោក ណាជីប រ៉ាហ្សាក់ នឹងត្រូវចូលនិវត្តន៍ក្នុងឆ្នាំ ២០២០ ហេតុដូច្នោះក្តីព្រួយបារម្ភដ៏ធំរបស់លោក គឺបញ្ហានយោបាយក្នុងពេលបច្ចុប្បន្ន ។ ការមិនពេញចិត្តរបស់សាធារណៈជន ផ្តើមហៀរហូរចេញមកតាមដងផ្លូវជាច្រើនខ្សែនៅក្នុងខែនេះ ដោយមានប្រជាជនប្រមាណ 10,000 នាក់ ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងទៅនឹងការចំណាយលើការចិញ្ចឹមជីវិតកាន់តែខ្ពស់ និងការដំឡើងពន្ធលើទំនិញថ្មី និងពន្ធលើសេវាកម្ម ឬ GST ដែលត្រូវបានគេមើលឃើញថា ជាការតវ៉ាទាមទារដ៏ធំបំផុត ក្នុងជុំជាច្រើនឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ។
ការដែលលោកបណ្ឌិត មហាធៀរ មហាម៉ាត់ អតីតនាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពល ចេញមកធ្វើការវាយប្រហាររឿងអំពើពុករលួយក្នុង IMDB មូលនិធិដើម្បីការវិនិយោគរបស់រដ្ឋដែលរែកពុនបន្ទុកបំណុលដ៏ធំសម្បើម ហើយបានអំពាវនាវឱ្យលោក ណាជីប លាលែងពីតំណែង ក៏កាន់តែធ្វើឲ្យតំណែងរបស់លោក ណាជីប រ៉ាហ្សាក់ កាន់តែទន់ខ្សោយឡើងផងដែរ ។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណថា លោក ណាជីប រ៉ាហ្សាក់ កំពុងពង្វាងអារម្មណ៍ដូចបានពោល ដោយការប្រកាសពីវិធានការរយៈពេលខ្លី ដើម្បីកែលម្អស្តង់ដារជីវភាពរបស់ប្រជាជន ។
នៅក្នុងផែនការអភិវឌ្ឍន៍ប្រទេស៥ឆ្នាំ ច្បាប់ចុងក្រោយ ឆ្នាំ២០១០ លោក ណាជីប រ៉ាហ្សាក់ កំណត់ផែនការកាត់បន្ថយថវិការដ្ឋនិងបង្កើនការវិនិយោគក្នុងស្រុក ។ ចាប់តាំងពីពេលនោះមក ប្រទេសម៉ាឡេស៊ីបានលុបបំបាត់ចោលការឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលបង្កើនបន្ទុកឱនភាពថវិការបស់រដ្ឋាភិបាល ហើយបាននាំយក GST មកប្រើ ដើម្បីជួយប៉ះប៉ូវចំណូលដែលប្រទេសម៉ាឡេស៊ីបានបាត់បង់ ពីការធ្លាក់ចុះនៃតម្លៃនាំចេញប្រេង និងឧស្ម័នធម្មជាតិក្នុងទីផ្សារពិភពលោក ប៉ុន្ដែលោក ណាជីប រ៉ាហ្សាក់ ក៏បាននាំយកវិធានការលើកកម្ពស់ការចូលរួមផ្នែកសេដ្ឋកិច្ចឲ្យកាន់តែច្រើនឡើង របស់ជនជាតិដើមភាគតិចម៉ាឡេ ដែលជាក្រុមជនភាគច្រើនក្នុងប្រទេស ជាការការពារនយោបាយដែលអាស្រ័យមូលដ្ឋានខាងពូជសាសន៍ ដែលត្រូវបានគេមើលឃើញថា ជាការរក្សាបាននូវសំឡេងគាំទ្រ ក្នុងចំណោមជនជាតិម៉ាឡេ ដែលមានសិទ្ធិមានសំឡេងខាងនយោបាយច្រើនបំផុតនោះ ។
ចំណែកនៅក្នុងផែនការ ៥ឆ្នាំ ច្បាប់បច្ចុប្បន្ន ត្រូវបានគេរំពឹងថា នឹងបំពេញចិត្ត "ភូមិបុត្រ" ជនជាតិម៉ាឡេ ដែលជាមូស្លីមនិងមានទឹកដីកំណើតក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ចាត់ទុកជាមូលដ្ឋានសំឡេងរបស់គណបក្សសហជាតិម៉ាឡេ ឬអាំណូ របស់លោក ណាជីប រ៉ាហ្សាក់ ដែលមានតួនាទីដឹកនាំប្រទេសរួមជាមួយគណបក្សចំរុះ មកតាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៥៧ ។ ជនជាតិដើមភាគតិចម៉ាឡេ ចាត់ទុកថា ទទួលបានផលពីអត្ថប្រយោជន៍ជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ ដែលជានយោបាយមួយក្នុងចំណោមនយោបាយដែលមានអ្នករិះគន់ថា រារាំងការប្រកួតប្រជែងរបស់ប្រទេស ហើយនាំទៅរកសភាព "អ្នកចេះដឹងរត់ទៅក្រៅប្រទេស " យ៉ាងច្រើននៃជនជាតិភាគតិចចិន ។
លោក ណាជីប រ៉ាហ្សាក់ បានថ្លែងកាលពីសប្ដាហ៍មុនថា សិទ្ធិពិសេសរបស់ប្រជាជនរឿងការចំណាយលើជីវភាពរស់នៅ សន្តិសុខ ការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធជនបទ នឹងជាគោលដៅនៃផែនការដែលត្រូវបានហៅថា ផែនការច្បាប់ទី១១ផងដែរ ក្រៅពីនេះគោលដៅឆ្នាំ ២០២០ នឹងធ្វើឲ្យប្រជាជនម៉ាឡេស៊ី ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់លំដាប់ទី២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី ។
ប្រាកចំណូលក្នុងម្នាក់ៗ ឬ GNI កើនឡើងជារឿយៗ ដោយកើនឡើងជាមធ្យម ២ ភាគរយ ក្នុងរយៈពេល៣ឆ្នាំមុន ស្ថិតត្រង់ 10,246 ដុល្លាសហរដ្ឋអាមេរិក ឬប្រមាណ ៤១លានរៀល ក្នុងឆ្នាំ២០១៤ តែនៅឆ្នាំ ២០២០ គួរនឹងកើនឡើងយ៉ាងហោចណាស់៦ ភាគរយ ស្ថិតត្រង់ 15,000 ដុល្លាសហរដ្ឋអាមេរិក ឬប្រមាន ៦០លានរៀល ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!