មេបញ្ជាការជាន់ខ្ពស់ក្រុមបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែនបានស្លាប់បាត់បង់ជិវិត
Luhansk 25 May: មេបញ្ជាការជាន់ខ្ពស់របស់ពួកឧទ្ទាមបំបែកខ្លួននិយមរ៉ុស្ស៊ី ត្រូវបាន សម្លាប់ នៅ ភាគខាងកើតអ៊ុយក្រែននៅពេលដែលរថយន្តរបស់លោក បានរងនូវការវាយប្រហារនៅ ក្នុងតំបន់ Luhansk ។នេះបើតាមសេចក្តីប្រកាសមួយ របស់កងវរសេនាតូចរបស់លោកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែននិងរុស្ស៊ីបានរាយការណ៍ថា លោក Alexei Mozgovoi គឺជាមេបញ្ជាការ កងវរសេនាតូច យោធាPrizrakឬមានន័យជាភាសារអង់គ្លេសថា Ghost Battalion គឺជាគោលដៅនៃការវាយប្រហារនេះ។
បើយោងតាមអ្នកដឹកនាំទ័ពព្រៃរបស់អ៊ុយក្រែន លោក Aleksandr Gladkiy បានថ្លែងថា ពួកទ័ពព្រៃដែលគាំទ្រអ៊ុយក្រែនដែលមានឈ្មោះថា Shadowsអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
ប្រព័ន្ឋផ្សព្វផ្សាយព័ត៌មានដែលគាំទ្រក្រុមបំបែកខ្លួន បានបញ្ជាក់ពីការស្លាប់របស់លោក Mazgovoi ដោយលើកឡើងពីការដឹកនាំនៅក្នុងកងវរសេនាតូចរបស់លោក។មន្ត្រីរដ្ឋាភិបាលបានស្តីបន្ទោសចំពោះខ្លាំងសត្រូវដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ពួកឧទ្ទាមរូបនេះ ប៉ុន្តែមិនបានបញ្ចេញឈ្មោះក្រុមណាដែលធ្វើឲ្យបានជាក់លាក់នោះទេ។
បើយោងតាមមន្ត្រីសាធារណរដ្ឋប្រជាមានិត Luhanskថា រថយន្តរបស់លោក Mozgovoi ត្រូវបានគេបំផ្ទុះគ្រាប់បែក ហើយបន្ទាប់ត្រូវបាញ់ដោយកាំភ្លើងយន្ដ។ប្រភពដដែលនោះបានបង្ហាញថា មានអ្នកផ្សេងទៀតក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារនោះ។
ទោះបីជាមានបទឈប់បាញ់គ្នាដ៏ផុយស្រួយដែលត្រូវបានឯកភាពគ្នាកាលពីខែកុម្ភៈក៏ដោយ ការបាញ់ផ្លោងដាក់គ្នាក៏នៅតែបន្តដដែលនៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះក៏បានបណ្តាលឲ្យមានអ្នកស្លាប់និងអ្នករបួសជាបន្តបន្ទាប់៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!