រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជាក់ជាថ្មីពីការគាំទ្រប្រទេសអ៊ីរ៉ាក់ស្របពេលដែលរដ្ឋមន្រ្តីការពារជាតិខ្លួនរិះគន់ទ័ពអ៊ីរ៉ាក់ថាកំសាក។
Washinton 26 May: លោកអនុប្រធានាធិបតីស.រ.អា. Joe Biden បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដល់រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទនេះ បន្ទាប់ពីមានចង្អុលដាក់គ្នាបីបួនថ្ងៃដោយក្រុមមន្ត្រីស.រ.អា.និងអ៊ីរ៉ាក់ដែលបានព្យាយាមបន្ទោសគ្នាទៅវិញទៅមកអំពីការរុលទៅមុខនៃក្រុមរដ្ឋអ៊ីស្លាម។
នៅថ្ងៃទិវារំឮកវិញ្ញាណក្ខណ្ឌយុទ្ធជនអាមេរិកលោក Joe Biden បានទូរសព្ទទៅកាន់លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider Al-Abadi លោកអនុប្រធានាធិបតីបានកត់សម្គាល់អ្វីដែលលោកហៅថា «ពលិកម្មនិងសេចក្តីក្លាហានដ៏ធំធេង» របស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់តាំងពីក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានចាប់ផ្តើមវាយយកដែនដីយ៉ាងឃោរឃៅ ដែលជាដំបូងនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយបន្ទាប់មកក្នុងប្រទេសស៊ីរី។
ក្រុមមន្ត្រីជាន់ខ្ពស់ស.រ.អា. កាលពីថ្ងៃអាទិត្យ បានសាកសួរអំពីឆន្ទៈរបស់កងកម្លាំងអ៊ីរ៉ាក់នៅក្នុងការប្រយុទ្ធដែលកំពុងកើតមានឡើងប្រឆាំងនឹងក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនាំឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុង បាកដាដ ហើយនិងមានការរិះគន់នាពេលថ្មីៗនេះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំពីយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា ក្នុងការយកឈ្នះលើក្រុមជនសកម្មប្រយុទ្ធនេះ។
ការឆ្លើយឆ្លងគ្នាខាងការទូតនេះកើតមានឡើងនៅពេលក្រុមរដ្ឋអ៊ីស្លាមកំពុងពង្រឹងកម្លាំងរបស់ខ្លួននៅក្នុងក្រុង Ramadi នៃប្រទេសអ៊ីរ៉ាក់។ កងកម្លាំងយោធានិងកងកម្លាំងយោធាប្រតិព័ទ្ធអ៊ីរ៉ាក់កំពុងប្រុងប្រៀបធ្វើការវាយប្រហារតបតដើម្បីរុញច្រានទៅក្រោយខ្សែជួរមុខនៅក្នុងខេត្ត Anbar។
នៅថ្ងៃទិវារំឮកវិញ្ញាណក្ខណ្ឌយុទ្ធជនអាមរិក លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានដាក់កម្រងផ្កាមួយនៅឯផ្នូរសពទាហានអនាមិកដែលជាផ្នែកមួយនៃការប្រារព្ធប្រចាំឆ្នាំនៃទិវារំឮកវិញ្ញាណក្ខណ្ឌយុទ្ធជននៅក្នុងស.រ.អា.។
ក្នុងពិធីនៅឯកន្លែងបញ្ចុះសពជាតិ Arlington មានការចូលរួមពីសំណាក់ក្រុមឥស្សរជន ក្រុមបុគ្គលិកយោធា និងគ្រួសារទាហានជើងចាស់។
ថ្លែងនៅក្នុងពិធីនោះ លោកអូបាម៉ាបានរំឮកដល់ក្រុមបុរសនិងក្រុមស្ត្រីដែលបានបូជាជីវិតដើម្បីថែរក្សាសេរីភាពស.រ.អា.និងធ្វើឱ្យពលរដ្ឋអាមេរិកាំងមានសុវត្ថិភាព។ លោកក៏បានកត់សម្គាល់ដែរថានេះជាទិវារំឮកវិញ្ញាណក្ខណ្ឌទីមួយចាប់តាំងពីសង្គ្រាមអាហ្វហ្គានីស្ថានបានចប់។ លោកប្រធានាធិបតីបានមានប្រសាសន៍ថាប្រទេសអាហ្វហ្គានីស្ថាននៅតែជាកន្លែងមួយដែលមានគ្រោះថ្នាក់ហើយនៅមានទាហានអាមេរិកាំងតិចជាងមួយម៉ឺននាក់ក្នុងប្រទេសនេះដើម្បីហ្វឹកហ្វឺននិងជួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
សហគមន៍ជាច្រើននៅទូទាំងប្រទេសអាមេរិកផ្តល់កិត្តិយសជូនក្រុមយុទ្ធជនដែលបានបូជាជីវិតក្នុងសង្គ្រាមជាមួយការដង្ហែរក្បួន ការប្រគុំតន្ត្រីនិងពិធីបុណ្យបែបជាតិនិយមរបស់ជនឯទៀតនឹងប្រារព្ធទិវានេះ ព្រមទាំងមានការជញ្ជឹងគិតដោយស្ងាត់ស្ងៀមអំពីជនដែលបានបាត់បង់ជីវិតនៅពេលបំពេញសេវាកម្មយោធាផងដែរ។
កាលពីថ្ងៃអាទិត្យក្រុមអ្នកជិះម៉ូតូរាប់ពាន់នាក់បានបើកម៉ូតូកាត់រដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ការប្រជុំ Rolling Thunder ប្រចាំឆ្នាំដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើក្រុមអ្នកទោសសង្គ្រាមនិងជនដែលបានបាត់ខ្លួនក្នុងសង្គ្រាម៕
ដោយ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!