អ្នកវិភាគ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវពង្រឹងឆន្ទៈ ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីប្រសិទ្ធិភាពការងារមូលដ្ឋាន
អ្នកវិភាគ និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថា ការបំពេញការងារ ក៏ដូចជាទំនួលខុសត្រូវក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ ហាក់នៅមានកម្រិតនៅឡើយ ដោយអ្នកទាំងនោះ ជម្រុញអោយរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញនូវគោលនយោបាយវិមជ្ឈកាល ព្រមទាំងមន្រ្តីថ្នាក់ក្រោមជាតិខ្លួនឯង ត្រូវពង្រឹងឆន្ទៈ ក្នុងការអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ការអនុវត្តគោលនយោបាយវិមជ្ឈកាលនៅថ្នាក់ក្រោមជាតិ នាបច្ចុប្បន្ន ហាក់ប្រសិទ្ធិភាពនៅមានកម្រិត ដោយលោកលើកឡើងថា មានបញ្ហាមួយចំនួន ដែលបានធ្វើប៉ះពាល់ដល់ប្រព័ន្ធវិមជ្ឈកាលនៅថ្នាក់ក្រោមជាតិ គឺ បញ្ហាប្រព័ន្ធថ្មី ប្រពៃណីចាស់ បញ្ហាយន្តការធ្វើការរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅមានកម្រិត ក៏ដូចជា បញ្ហាការគ្រប់គ្រងដែលមានការទាក់ទងនឹងរឿងនយោបាយ ជាដើម ។
អ្នកស្រាវជ្រាវរូបនេះ បានជម្រុញអោយរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញនូវប្រព័ន្ធវិមជ្ឈកាល និងត្រូវមានការវាយតម្លៃដោយឯករាជ្យមួយ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធិភាពការងារ និងធានាអោយបាននូវទំនួលខុសត្រូវខ្ពស់បន្ថែមរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការបំពេញការងាររបស់មន្រ្តីនៅក្រោមជាតិ ប្រសិទ្ធិភាពហាក់នៅមានកម្រិតនៅឡើយ ដោយលោកបញ្ជាក់ថា មន្រ្តីនៅថ្នាក់ក្រោមជាតិ មិនទាន់មានលទ្ធភាព និងឆន្ទៈក្នុងការបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួននោះទេ ។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ ក៏ធ្លាប់បានលើកបញ្ហានេះជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ប៉ុន្តែលោកក៏ជម្រុញបន្ថែមអោយមន្រ្តីក្រោមជាតិ ត្រូវមានការអនុវត្តនូវតួនាទី និងកាតព្វកិច្ចរបស់ខ្លួនទៅតាមបទបញ្ញតិ និងច្បាប់ដែលបានចែង ដើម្បីចូលរួមបម្រើពលរដ្ឋអោយមានប្រសិទ្ធិភាព ព្រមទាំងធ្វើអោយប្រទេសជាតិមានការរីកចម្រើនជឿនលឿន ទៀតផង ។
លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថាដែរថា ការអនុវត្តការងាររបស់មន្រ្តីមូលដ្ឋាន នាពេលបច្ចុប្បន្ន ភាគច្រើនមិនបានគោរពទៅតាមបទដ្ឋានគតិយុត្តិច្បាប់ ប៉ុន្តែ ក្រោយកការប្រកាសអនុវត្តអភិក្រមទី៥ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកសង្ឃឹមថា មន្ត្រីទាំងនោះអាចនឹងមានកែប្រែ ដែលលោកនឹងរង់ចាំមើលបន្តទៀត ផងដែរ ។
លោក វឌ្ឈនាសាប៊ុង មានលើកឡើងបន្ថែមថា មានតែការតាមដានការអនុវត្តច្បាប់ និងការរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ដែលជាមូលដ្ឋានគ្រឹះក្នុងការកែប្រែឥរិយាបថ និងការអនុវត្តតួនាទីរបស់មន្រ្តីថ្នាក់ក្រោយ បានល្អប្រសើរ ។
គួរកត់សម្គាល់ដែរថា កន្លងទៅ ក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឧត្តមក្រុមប្រឹក្សា ក៏បានលើកឡើងពីបញ្ហាឥរិយាបថ និងទំនួលខុសត្រូវរបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ ជាពិសេសគណៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវកែប្រែបេសកកម្មបម្រើសេវាសាធារណៈជូនពលរដ្ឋ និងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក៏ប៉ុន្តែតាមការបញ្ជាក់របស់លោក សុខសុវណ្ណ វឌ្ឈនាសាប៊ុង មកទល់នឹងពេលនេះ មិនទាន់មានការឆ្លើយបទនោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែ មីនា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ ថា មន្រ្តីរាជការទាំងឡាយណា ដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស ជាពិសេសអំពើខុសច្បាប់ នឹងត្រូវទទួលការដាក់ពិន័យ និងរងការបណ្ដេញចេញពីតំណែង ព្រមទាំងផ្ដន្ទាទោសតាមច្បាប់ទៀតផង ដោយលោកនឹងអនុវត្តនូវអភិក្រមទី ៥ គឺ វះកាត់ ចំពោះមន្រ្តីរូបណា ដែលរំខាន់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!