អ្នកវិភាគ និងសង្គមស៊ីវិល នឹងតាមដានការប្ដេជ្ញាចិត្តរបស់លោក គួច ចំរើន ក្នុងការអនុវត្តវិធានការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ
អ្នកវិភាគ និងសង្គមស៊ីវិល នឹងតាមដានការប្ដេជ្ញាចិត្តក្នុងការអនុវត្តវិធានការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ ពីសំណាក់លោក គួច ចំរើន ដែលទើបផ្ទេរមកកាន់តំណែងជាអភិបាលខេត្តថ្មី ខណៈបញ្ហាជាច្រើនបានបន្សល់ទុកពីអភិបាលខេត្តចាស់ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា បញ្ហាប្រឈមជាច្រើនបានកំពុងកើតមានសម្រាប់ខេត្តព្រះសីហនុ ដែលតម្រូវអោយមានការដោះស្រាយជាបន្ទាន់នូវបញ្ហាប្រឈមទាំងនោះ ដូច្នេះលោកនឹងតាមដានមើលថា ការប្ដេជ្ញាចិត្តរបស់លោកអភិបាលខេត្តព្រះសីហនុថ្មី នឹងមានការអនុវត្តវិធានការ និងប្រតិបត្តិការយ៉ាងណាក្នុងការដោះសា្រយបញ្ហប្រឈមទាំងអស់នោះ ។
លោក ស៊ឹង សែនករុណា បានជម្រុញដល់លោកអភិបាលខេត្តព្រះសីហនុ ធ្វើការដោះស្រាយបញ្ហាចំបងនោះ គឺការដោះស្រាយបញ្ហាជនជាតិចិន ដែលកំពុងតែស្នាក់នៅក្នុងខេត្តទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់មួយនេះ ជាមុនសិន ដូចជា ត្រួតពិនិត្យការស្នាក់នៅ ការប្រកបអាជីវកម្ម រួមទាំងត្រួតពិនិត្យលក្ខណៈបុគ្គលរបស់ជនជាតិចិនទាំងនោះ ជាដើម ។
ជាមួយគ្នានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានបង្ហាញការសាទរចំពោះការ មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ របស់លោក គួច ចំរើន ក្នុងការគ្រប់គ្រង និងការដោះស្រាយបញ្ហាក្នុងខេត្តមួយនេះ ប៉ុន្តែលោក ហង្ស វិទូ បានបញ្ជាក់ថា ការដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងខេត្តព្រះសីហនុនេះ ត្រូវមានការចូលរួមពីសំណាក់មន្រ្តីក្រោមឳវាទទាំងអស់នៃរដ្ឋបាលខេត្តព្រះសីហនុ ដែលមិនអាចពឹងផ្អែកតែលើ អភិបាលខេត្តតែម្នាក់បាននោះទេ ។
សម្រាប់លោក មាស នី អ្នកតាមដានបញ្ហាសង្គម ជម្រុញអោយបានរដ្ឋាភិបាល ត្រូវមានការស្រាវជ្រាវលើករណីបាក់ស្រុតអគារកម្ពស់ ៧ ជាន់ ជាមុនសិន ដោយលោកបញ្ជាក់ថា បើមិនមានការស្រាវជ្រាវយ៉ាងណាមួយច្បាស់លាស់នោះទេ វាក៏អាចជាការស្មុគស្មាញមួយក្នុងការដោះស្រាយបញ្ហានានាក្នុងព្រះសីហនុ ។ ឯការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តថ្មី ក្នុងដោះស្រាយបញ្ហានានារបស់ខេត្តព្រះសីនុ ជាការតាមដានមើលបន្តទៅមុខទៀត ។
គូរកត់សម្គាល់ដែរថា កាលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩ លោក គួច ចំរើន ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ ដែលការចូលរួមពីសំណាក់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាច្រើនរូបទៀត ។ ក្នុងពិធីឡើងកាន់ដំណែងនៅថ្ងៃនេះផងដែរ លោក គួច ចំរើន បានប្តេជ្ញាចិត្ត ១៣ចំណុចនៅចំពោះមុខលោក ស ខេង និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដើម្បីលើកមុខមាត់ និងជម្រុញការងារនៅក្នុងខេត្តគោលដៅទេសចរណ៍មួយនេះអោយប្រសើរឡើង។
សូមបញ្ជាក់ថា ក្រោយរលំបាក់អគារកម្ពស់៧ជាន់មួយ ដែលសាងសង់គ្មានច្បាប់ នៅក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួសនោះ អតីតអភិបាលខេត្តលោក យន្ត មីន បានចេញមុខសុំទោសសាធារណជន ព្រមទាំងបានលាលែងចេញពីតំណែង។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុ ។
ករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ គឺជាករណីធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ការរលំបាក់អគារដែលមិនមានច្បាប់អនុញ្ញាតនេះ រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យគុណភាពសំណង់ដើម្បីបង្ការកុំអោយកើតមានហេតុការណ៍គ្រោះថ្នាក់បែបនេះតទៀត ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!