មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បញ្ជាក់ថា ផ្លូវគោកមានតែ២ប្រភេទប៉ុណ្ណោះ និងសូមអោយកែតម្រូវ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បញ្ជាក់ថា ផ្លូវគោក មានតែ ២ ប្រភេទប៉ុណ្ណោះ ក្រោយមានការលើកឡើងខុសៗ គ្នា ទាក់ទងនឹងប្រភេទផ្លូវគោកនៅកម្ពុជា ដោយមានមតិមួយ លើកឡើងថា ផ្លូវគោក មាន ២ ប្រភេទ និងមតិមួយទៀត ថា ផ្លូវគោក មាន ៣ ប្រភេទ ។
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលេីកឡេីងនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោក ថា ៖ ឈ្វេងយល់អំពីផ្លូវ (តាមច្បាប់) ដើម្បីជៀសវាងការបកស្រាយខុស
ផ្លូវគោកចែកចេញជា ២ប្រភេទគឺ៖
១). ផ្លូវថ្នល់
២). ផ្លូវដែក
ផ្លូវថ្នល់ចែកចេញជា ៤ប្រភេទទៀតគឺ៖
១). ផ្លូវជាតិ
២). ផ្លូវខេត្ត
៣). ផ្លូវលំ(ផ្លូវជនបទ)
៤). ផ្លូវរុក្ខបាល
ចំណែកឯគមនាគមន៍គឺមាន៣ប្រភេទ គឺ៖
១). ផ្លូវគោក
២). ផ្លូវទឹក
៣). ផ្លូវអាកាស ។
ក្នុងនោះដែរ មន្រ្តីជាន់ខ្ពស់រូបនេះ បានអោយអ្នកដែលបកស្រាយខុស សូមកែតម្រូវវិញផង ដើម្បីកុំអោយមានការយល់ច្រឡំដល់មហាជន..។
គួររំលឹកដែរថា ការចេញមកពន្យល់លើបញ្ហានេះរបស់មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានកើតឡើង បន្ទាប់ពីមានការជជែកគ្នាយ៉ាងផុសផុលនៅលើបណ្តាញសង្គម Facebook ទាក់ទងនឹងកម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។
ដោយនៅក្នុងកម្មវិធីនេះ កាលពីពេលថ្មីៗកន្លងទៅ អ្នករៀបចំកម្មវិធី បានដាក់សំណួរថា «យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?»។ ជាចម្លើយ បេក្ខជនដែលចូលរួមលេងលោក កៅ សីហា បានជ្រើសរើសចម្លើយ២ប្រភេទ គឺមានផ្លូវថ្នល់ និងផ្នូវដែក ប៉ុន្តែចម្លើយនោះបែរជាពិធីការិនីថា មិនត្រឹមត្រូវនោះទេ ហើយចម្លើយដែលត្រឹមត្រូវនោះមាន ៣ប្រភេទ គឺផ្លូវជាតិ ផ្លូវខេត្ត និង ផ្លូវរុក្ខបាល ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!