រាជរដ្ឋាភិបាល សម្រេចប្រគល់ភារកិច្ចអោយលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិនិត្យដោះស្រាយករណីដីធ្លី ចំនួន ៥ ករណី តាមរបាយណ៍ស្រាវជ្រាវរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
រាជរដ្ឋាភិបាល សម្រេចប្រគល់ភារកិច្ចអោយលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យដោះស្រាយករណីដីធ្លី ចំនួន ៥ ករណី ក្នុងខេត្តចំនួន ៣ តាមរបាយណ៍ស្រាវជ្រាវរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
បើយោងតាមលិខិត សជណ ចំនួន ៥ ដាច់ដោយឡែកពីគ្នា នៃទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ដោយមានចំណាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជម្រាបជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ធ្វើការពិនិត្យដោះស្រាយករណីដីធ្លីចំនួន ៥ ករណីផ្សេងៗគ្នា ក្នុងខេត្តចំនួន ៣ គឺ ខេត្តសៀមរាប ៣ ករណី ខេត្តបាត់ដំបង ១ ករណី និងខេត្តពោធិ៍សាត់ ១ ករណី ។
ករណីវិវាទដីធ្លីទាំង ៥ ករណីនេះ រួមមាន ៖
១. ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយរដ្ឋាភិបាលប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យដោះស្រាយ ។
២. ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន MDS ថ្មដា SEZ ស្ថិតនៅភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលលើកឡើងដោយ លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយរដ្ឋាភិបាលប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យដោះស្រាយ ។
៣. ពាក់ព័ន្ធនឹងជម្លោះដីធ្លី នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលលើកឡើងដោយ លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយរដ្ឋាភិបាលប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យដោះស្រាយ ។
៤. ករណីជម្លោះដីធ្លី នៅភូមិតូច និងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលលើកឡើងដោយ លោកស្រី ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយរដ្ឋាភិបាលប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យដោះស្រាយ ។
៥. ករណីរបាយការណ៍បន្ថែម របស់ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ ស្ដីពីជម្លោះដីធ្លី នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយរដ្ឋាភិបាលសម្រេចទុកអោយភាគីទំនាស់បន្តដោះស្រាយតាមផ្លូវតុលាការ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!