Commentary:ចាំមើលលទ្ធផល
នឹងសម្លឹងថាជាការជាន់កប្រទេសចិន ដែលជប៉ុនឡើងមកជាប្រទេសសេដ្ឋកិច្ចដ៏ធំលំដាប់ទី២លើពិភពលោកកាលពីពាក់កណ្តាលឆ្នាំ ២០១០ ក៏ថាបាន ព្រោះការប្រកាសនេះមានឡើង ខណៈដែលចិនកំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំពិភាក្សាបណ្តាប្រទេសជាដៃគូស្ថាបនិកធនាគារ ដើម្បីការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥
លោកប្រធានាធិបតី ស៊ី ជិនភីង ទទួលស្វាគមន៍តំណាងមកពីប្រទេសទាំង ២០ ដែលចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាបង្កើតធនាគារដើម្បីការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ ។ (ទីភ្នាក់ងារព័ត៌មាន AFP)
រដ្ឋាភិបាលជប៉ុនបានបង្កើតភាពខ្ទរខ្ទារជាថ្មីទៀត ដោយការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន នូវគម្រោងបង្កើតមូលនិធិដែលមានតម្លៃសរុប 110,000 លានដុល្លាសហរដ្ឋអាមេរិក ដើម្បីផ្តល់ ជំនួយដល់គម្រោងទាំងឡាយខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ី ក្នុងរយៈពេល៥ឆ្នាំចាប់ពីពេលនេះតទៅ ។
នឹងសម្លឹងថាជាការជាន់កប្រទេសចិន ដែលជប៉ុនឡើងមកជាប្រទេសសេដ្ឋកិច្ចដ៏ធំលំដាប់ទី២លើពិភពលោកកាលពីពាក់កណ្តាលឆ្នាំ ២០១០ ក៏ថាបាន ព្រោះការប្រកាសនេះមានឡើង ខណៈដែលចិនកំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំពិភាក្សាបណ្តាប្រទេសជាដៃគូស្ថាបនិកធនាគារ ដើម្បីការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលប្រទេសចិនជាក្បាលម៉ាស៊ីនធំនៅប្រទេសសឹង្ហបុរី ដើម្បីឲ្យអាចដំណើរការបានតាមផែនការចាប់តាំងពីដើមឆ្នាំក្រោយ ។
ទុនប្រតិបត្ដិការរបស់ AIIB មានចំនួនប្រមាណ 100,000 លានដុល្លាសហរដ្ឋអាមេរិក កើនឡើង ៣០ភាគរយ ពីថវិកាគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុនកាលពីអតីត ។
លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៃប្រទេសជប៉ុន ដែលបានប្រកាសផែនការនេះក្នុងអំឡុងពេល ប្រជុំក្រុមមន្ត្រីនិងអ្នកជំនាញមកពីទូទាំងតំបន់អាស៊ី បានថ្លែងថា ទិសដៅរបស់ប្រទេសជប៉ុនតាមគម្រោងការនេះនឹងផ្តោតការផ្តល់ជំនួយខាងផ្នែក "គុណភាពខ្ពស់" ដូចជា ការជួយដល់ប្រទេសដែលស្វែងយល់ភាពជំនាញ ពាក់ព័ន្ធនឹងការកាត់បន្ថយបរិស្ថានកខ្វក់ ក្នុងអំឡុងពេលសាងសង់ផ្លូវថ្នល់និងផ្លូវរថភ្លើង ។
ដែលផ្ទុយស្រឡះយ៉ាងមានន័យ ពីទិសដៅរបស់ AIIB ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានថ្លែងថា គម្រោងជាច្រើនអាចមិនបានការពារបរិស្ថានគ្រប់គ្រាន់ឡើយ ។
លោក អាបេ បានរំលឹកឡើងវិញថា ប្រទេសជប៉ុនមានឆន្ទៈនឹងចំណាយប្រាក់មូលនិធិដោយមិនកំណត់ ដើម្បីពង្រាយរបកគំហើញហេដ្ឋារចនាសម្ព័ន្ធថ្មីមានគុណភាពខ្ពស់នៅទូទាំងតំបន់អាស៊ី ហើយអាចប្រើប្រាស់ជាប្រយោជន៍បានក្នុងរយៈពេលវែង ។ គម្រោងផ្តល់ជំនួយនេះអនុវត្តមកជាយូរហើយ ក្នុងឋានៈជាផ្នែកមួយនៃការប្រកាសសន្យារបស់ក្រុម G-20 ក្នុងការឆ្លើយតបសេចក្តីត្រូវការ របស់ពិភពលោក ។
ប្រមាណពាក់កណ្តាលនៃប្រាក់ទុនមកពីអង្គភាពនានារបស់រដ្ឋ ដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយនិងប្រាក់កម្ចី ចំណែកដែលនៅសល់សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB ។
រដ្ឋាភិបាលរំពឹងថា គម្រោងការនេះ នឹងអាចទាញប្រាក់ទុនពីវិស័យឯកជនបានយ៉ាងច្រើន ដើម្បី បំពេញតម្រូវការដ៏ធំសម្បើមក្នុងការបង្កើតជាថ្មី ឬជួសជុលនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ី ។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនដល់ថ្នាក់កក្រើក កាលបើមានប្រទេសទាំងឡាយដល់ទៅ ៥៧ ប្រទេស សុំចូលរួមជាដៃគូស្ថាបនិក AIIB ឬធនាគារដើម្បីការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាមួយប្រទេសចិន កាលពីខែមីនា ក្នុងចំនួននេះរួមមាន៣ប្រទេសសំខាន់ដែលស្ថិតនៅក្នុងក្រុមប្រទេស G-7 ជាមួយសហរដ្ឋអាមេរិកនិងប្រទេសជប៉ុនដែរនោះ គឺប្រទេសអង់គ្លេស អាល្លឺម៉ង់ និងប្រទេសបារាំង ។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនមិនបានចូលរួម AIIB ទេ ព្រោះមើលឃើញថា ជាស្ថាប័នគូប្រជែង ធនាគារពិភពលោកដែលសហរដ្ឋអាមេរិកមានឥទ្ធិពលក្តោបក្តាប់ និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB ដែលមានប្រទេសជប៉ុនជាក្បាលម៉ាស៊ីន ដោយអះអាងពីក្តីព្រួយបារម្ភអំពី "តម្លាភាព "និង" ការគ្រប់គ្រងចាត់ចែង " ។
ប៉ុន្តែប្រទេសជប៉ុនមិនបានបិទទ្វារចាក់សោតែម្តងនោះទេ សំរាប់ឳកាសនិងលទ្ធភាពក្នុងការចូលរួមជាមួយ AIIB ដោយគណប្រតិភូអាជ្ញាធរចិននិងជប៉ុន បានគ្រោងជួបចរចាគ្នានៅទីក្រុងប៉េកាំង នាថ្ងៃទី ៦ ខែមិថុនា ខាងមុខនេះ ដើម្បីពិភាក្សាពី AIIB តែបើតាមឥរិយាបថចុងក្រោយ មានលទ្ធភាពខ្ពស់ ដែលទីក្រុងតូក្យូមិនទាន់ប្រញាប់ប្រញាល់ចូលរួមក្នុងក្បួន ។
ក្រុមតំណាងរាស្រ្តគណបក្សសេរីប្រជាធិបតេយ្យ (ឬ LDP) គណបក្សកាន់អំណាចក្នុងរដ្ឋាភិបាលជប៉ុន ដែលទទួលបានការតែងតាំងឲ្យធ្វើជាក្រុមការងារ នឹងសរុបការសន្និដ្ឋាននៅចុងខែនេះ ឬដើមខែក្រោយ ពាក់ព័ន្ធនឹងគុណសម្បត្តិ គុណវិបត្តិ នៃការចូលរួមក្នុង AIIB ឬធនាគារដើម្បីការវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ីនេះ ប៉ុន្តែលោក ម៉ាសាអ៊ិកុ ឈិម៉ាយ៉ាម៉ាក់ តំណាងរាស្ត្ររបស់គណបក្ស LDP ម្នាក់នៅក្នុងក្រុមការងារបានថ្លែងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលថា នឹងមិនចូលរួមក្នុង AIIB ឬយ៉ាងណា នៅពេលណានោះ អាចនឹងមិនប្រកាន់យកតាមរបាយការណ៍ដែលរាយការណ៍នោះឡើយ ។
ប្រសិនបើចូលរួម ជប៉ុននឹងក្លាយជាប្រទេសដៃគូដែលមានទំហំសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ បន្ទាប់ពី ប្រទេសចិន ។ លោក កូអ៊ិឈិ ហាជិអ៊ូដាក់ ទីប្រឹក្សាពិសេសរបស់លោកនាយករដ្ឋមន្ត្រី អាបេ បានថ្លែងថា ប្រសិនក្នុងអនាគត AIIB ក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលគួរឲ្យជឿជាក់ និងបំពេញប្រយោជន៍ដល់តំបន់អាស៊ីពិតប្រាកដនោះ គ្មានហេតុផលអ្វីដែលត្រូវខ្មាស់អៀនឡើយ បើសិនប្រទេសជប៉ុនចូលរួមនៅពេលក្រោយនោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!