ក្រសួងការងារ ជួបពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើសេចក្ដីព្រាងវិសោធនកម្មច្បាប់ សហជីព
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជួបកិច្ចប្រជុំពិភាក្សាជាមួយនឹងប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្ដីពី សហជីព ។
នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោករដ្ឋមន្រ្តី អ៊ិត សំហេង បានចូលរួមបើកកិច្ចពិគ្រោះពិភាក្សាឆ្លងសេចក្តីព្រាង វិសោធកម្មច្បាប់ ស្ដីពី សហជីព ចំនួន ១០មាត្រា (មាត្រា៣, ១៧, ២០, ២១, ២៧, ២៨, ២៩, ៥៤, និងមាត្រា ៥៩) ដោយដឹកនាំកិច្ចប្រជុំដោយ ប្រធានប្តូរវេនឧត្តមក្រុម ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ស្រូយ ខេត ។
ប្រតិភូក្រសួងការងារ បានអោយដឹងថា គោលដៅនៃការធ្វើវិសោធនកម្មច្បាប់សហជីពនេះ គឺក្នុងវត្ថុបំណងការពារនូវផលប្រយោជន៍ដល់ក្រុមនិយោជក និងក្រុមកម្មករនិយោជិត រួមទាំង មានវិសាលភាពរបស់ច្បាប់នេះ គ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថានរដ្ឋ និងឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
គោលបំណងសំខាន់ៗនៃវិសោធនកម្មច្បាប់សហជីព រួមមាន ៖
- ការរក្សានូវបញ្ជីកាសុពលភាព
- លក្ខខណ្ឌសម្រាប់ដឹកនាំគ្រប់គ្រង អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហជីពនៅក្នុងសហគ្រាស ឬគ្រឹះស្ថាន និងសមាគមនិយោជក
- ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ
- ការរំលាយសហជីព ឬ សមាគមនិយោជក
- មូលហេតុនៃការរំលាយចោលដោយតុលាការការងារ
- ភាពជាតំណាងបំផុតនៅថ្នាក់សហគ្រាស ឬ គ្រឹះស្ថាន និងនៅក្នុងវិជ្ជាជីវៈមួយ ឬ សកម្មភាពសេដ្ឋកិច្ចមួយ ឬ វិស័យមួយ
- សិទ្ធិ និងតួនាទីរបស់សហជីពដែលមានសមាជិកភាពតិចនៅក្នុងសហគ្រាស ឬគ្រឹះស្ថានមួយ ជាមួយសហជីពដែលមានភាពជាតំណាងបំផុត ។
សូមជម្រាបជូនថា តាមរយៈបទបង្ហាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: មាត្រាចំនួន១០ នៃច្បាប់ស្តីពី សហជីព ដែលត្រូវយកមកពិនិត្យ និងឆ្លងយោបល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងកាធ្វើវិសោធនកម្ម នាពេលនេះ គឺត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!