មេសហជីព គាំទ្រការធ្វើសេចក្ដីព្រាង វិសោធនកម្មច្បាប់ សហជីព ដើម្បីធានាដល់សិទ្ធិសេរភាព និងការបំពេញការងាររបស់ក្រុមសហជីព មានភាពល្អប្រសើរ
ក្រុមសហជីព បង្ហាញការគាំទ្រចំពោះការធ្វើសេចក្ដីព្រាង វិសោធនកម្មច្បាប់ ស្ដីពី សហជីព ចំនួន ១០ មាត្រា ដោយក្រុមសហជីព សង្ឃឹមថា ការធ្វើវិសោធនកម្មច្បាប់ សហជីពនេះ នឹងទទួលនូវលទ្ធផលវិជ្ជាមានច្រើន គួរជាទីគាប់ចិត្ត ដើម្បីធានាដល់សិទ្ធិសេរីភាព និងការបំពេញការងាររបស់ក្រុមសហជីពនៅទូទាំងប្រទេស ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានបង្ហាញការគាំទ្រចំពោះការធ្វើសេចក្ដីព្រាង វិសោធនកម្មច្បាប់ ស្ដីពី សហជីព នាពេលនេះ ដោយលោក លើកឡើងថា ជាចេតនាមួយដ៏ល្អ ក្នុងការបើកសិទ្ធិសេរីភាពពេញលេញឡើងវិញដល់ក្រុមសហជីព ដោយលោកសង្ឃឹមថា ការធ្វើវិសោធនកម្មច្បាប់ សហជីពនេះ នឹងទទួលនូវលទ្ធផលវិជ្ជាមានច្រើន គួរជាទីគាប់ចិត្ត ដើម្បីធានាដល់សិទ្ធិសេរីភាព និងការបំពេញការងាររបស់ក្រុមសហជីពនៅទូទាំងប្រទេស ។
លោក ហ្វា សាលី គូសបញ្ជាក់ថា ច្បាប់សហជីព នាពេលបច្ចុប្បន្ននេះ ហាក់នៅមានការរឹតត្បិតសិទ្ធសេរីភាពនៅឡើយ ដែលក្រុមសហជីពមិនទាន់អាចទទួលយកបាននោះទេ ដោយមានទាំងចំណុចវិជ្ជាមាន និងចំណុចអវិជ្ជាមាន ដូច្នេះលោក ហ្វា សាលី អះអាងថា នៅពេលដែលរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ យកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើវិសោធនកម្មច្បាប់ សហជីពនេះ នឹងមានភាពល្អប្រសើរឡើងវិញ ។
ស្រដៀងគ្នានេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា បានបញ្ជាក់ថា ក្រោយច្បាប់សហជីព ត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ រួចមក បានធ្វើអោយមានផលវិបាកមួយចំនួន ក្នុងការបំពេញការងារនានារបស់ក្រុមសហជីពនៅកម្ពុជា ដែលហាក់ជាការរាំងខ្ទប់នូវសិទ្ធសេរីភាពរបស់ក្រុមសហជីព ក្នុងការបម្រើផលប្រយោជន៍ដល់ក្រុមកម្មករនិយោជិតនៅទូទាំងប្រទេស ហេតុដូច្នេះហើយ ទើបក្រុមសហជីព តែងតែស្នើសុំអោយក្រសួងការងារ ធ្វើវិសោធនកម្មច្បាប់ ស្ដីពី សហជីព ទៅលើមាត្រាមួយចំនួននេះ ។
មេសហជីពរូបនេះ បានសង្កត់ធ្ងន់ថា ក្រុមសហជីព ជាតំណាងអោយកម្មករនិយោជិក បម្រើអោយផលប្រយោជន៍ក្រុមកម្មករនិយោជិកនៅទូទាំងប្រទេស ដូច្នេះលោក សូមជម្រុញអោយក្រសួងការងារ ក៏ដូចជារដ្ឋសភា ធ្វើការសិក្សា និងត្រួតពិនិត្យអោយល្អិតល្អន់ទៅលើវិសោធនកម្មច្បាប់ សហជីពនេះ ជាពិសេស ចំណុចមួយចំនួនរបស់ក្រុមសហជីព ដែលបានស្នើសុំកន្លងមក ដើម្បីជាឆ្លើយតបទៅនឹងក្ដីព្រួយបារម្ភរបស់សហជីព និងដើម្បីបំពេញនូវសេចក្ដីត្រូវរបស់កម្មករនិយោជិកដែលចង់បាន នាពេលនេះ ។
សូមជម្រាបជូនថា ច្បាប់ស្តីពី សហជីព គឺត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ។
ប៉ុន្តែដោយមានតម្រូវការចាំបាច់ មានការវិវត្តនៃបរិបទសង្គម ក៏ដូចជាមានការស្នើសុំពីសំណាក់ក្រុមសហជីព នោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រច ធ្វើសេចក្តីព្រាង វិសោធកម្មច្បាប់ ស្ដីពី សហជីព ចំនួន ១០មាត្រា ៖ (មាត្រា៣, ១៧, ២០, ២១, ២៧, ២៨, ២៩, ៥៤, និងមាត្រា ៥៩) ។
ក្នុងនោះ ក្រសួងការងារ បានអោយដឹងថា គោលដៅនៃការធ្វើវិសោធនកម្មច្បាប់សហជីពនេះ គឺក្នុងវត្ថុបំណងការពារនូវផលប្រយោជន៍ដល់ក្រុមនិយោជក និងក្រុមកម្មករនិយោជិត រួមទាំង មានវិសាលភាពរបស់ច្បាប់នេះ គ្របដណ្តប់លើសហគ្រាស ឬគ្រឹះស្ថានរដ្ឋ និងឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។
គោលបំណងសំខាន់ៗនៃវិសោធនកម្មច្បាប់សហជីព រួមមាន ៖
- ការរក្សានូវបញ្ជីកាសុពលភាព
- លក្ខខណ្ឌសម្រាប់ដឹកនាំគ្រប់គ្រង អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលរបស់សហជីពនៅក្នុងសហគ្រាស ឬគ្រឹះស្ថាន និងសមាគមនិយោជក
- ការថែរក្សាកំណត់ត្រាហិរញ្ញវត្ថុ
- ការរំលាយសហជីព ឬ សមាគមនិយោជក
- មូលហេតុនៃការរំលាយចោលដោយតុលាការការងារ
- ភាពជាតំណាងបំផុតនៅថ្នាក់សហគ្រាស ឬ គ្រឹះស្ថាន និងនៅក្នុងវិជ្ជាជីវៈមួយ ឬ សកម្មភាពសេដ្ឋកិច្ចមួយ ឬ វិស័យមួយ
- សិទ្ធិ និងតួនាទីរបស់សហជីពដែលមានសមាជិកភាពតិចនៅក្នុងសហគ្រាស ឬគ្រឹះស្ថានមួយ ជាមួយសហជីពដែលមានភាពជាតំណាងបំផុត ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!